BY | admin | / | 21-07-2025 | / | 11 |
សំណុំរឿងបរិហារកេរ្តិ៍ព្រះមហាក្សត្រ លោក ថាក់ស៊ីន ប្រឈមនឹងការជាប់ពន្ធនាគារ ១៥ឆ្នាំ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) កំពុងត្រូវបានប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំ ដោយការកាត់ទោសរបស់តុលាការថៃ ពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ចំពោះការអត្ថាធិប្បាយរិះគន់របបរាជានិយម ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងមួយ កាលពីជាងមួយទសវត្សរ៍មុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera ថ្មីៗនេះ។
សំណុំរឿងនេះបានធ្វើឡើងនៅក្នុងបន្ទប់សវនាការមួយក្នុងទីក្រុងបាងកក តែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកូនស្រីរបស់លោក គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ត្រូវបានព្យួរតំណែង ពីនាយករដ្ឋមន្ត្រីដោយតុលាការកំពូលរបស់ប្រទេសថៃ។
តំណាងអយ្យការបានចោទប្រកាន់ លោក ថាក់ស៊ីន ថាបានបំពានច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃ ដែលហាមមិនឲ្យប្រមាថដល់ រាជវង្ស។ លោក ថាក់ស៊ីន ក៏បានផ្តល់សក្ខីកម្មនៅតុលាការជាច្រើនថ្ងៃ ខណៈមេធាវីរបស់លោកបាននិយាយថា លោកថាក់ស៊ីននៅតែរក្សាភាពស្ងប់ស្ងាត់ បើទោះបីជាត្រូវបានចោទប្រកាន់ក៏ដោយ។
គួររម្លឹកថាផងដែរថា លោក ថាក់ស៊ីន បានត្រឡប់មកប្រទេសថៃវិញក្នុងខែសីហា ឆ្នាំ២០២៣ បន្ទាប់ពីរស់នៅនារទេស ឯបរទេសអស់រយៈពេល ១៥ឆ្នាំ។ ក្រោយពីត្រឡប់មកវិញ លោកត្រូវបានគេចាប់ដាក់គុកភ្លាមៗ ពីបទពុករលួយរយៈពេល ១៥ ឆ្នាំ ប៉ុន្តែក្រោយមកព្រះមហាក្សត្រ បានកាត់បន្ថយទោសមកត្រឹមតែមួយឆ្នាំ។ ការវិលត្រឡប់របស់លោកបានកើតឡើងក្នុងពេលដំណាលគ្នា ដែលគណបក្សភឿថៃ ឡើងកាន់អំណាចម្តងទៀតដែលធ្វើឱ្យ មានការសង្ស័យថាមានកិច្ចព្រមព្រៀងនយោបាយសម្ងាត់ណាមួយនៅពីក្រោយ។ អ្នកជំនាញជឿថា ស្របពេលមានបញ្ហារង្គោះរង្គើនយោបាយថៃ គ្រួសារស៊ីណាវ៉ាត្រ ក៏កំពុងបាត់បង់អំណាចក្នុងនយោបាយថៃបណ្តើរៗ ហើយនៅពេលនេះ៕
|