BY | admin | / | 22-07-2025 | / | 11 |
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និង ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា
កាលពីថ្ងៃចន្ទទី២១ខែកក្កដាឆ្នាំ២០២៥ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និង ទេយ្យវត្ថុ ព្រមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៤វត្ត ស្ថិតក្នុងក្រុកំពង់ចាម រួមមាន ÷ វត្តខេមវ័នបឹងស្នាយ, វត្តជោតនារាមបឹងកុក, វត្តបុទុមរតនៈដីដុះ និង វត្តសុទស្សរាមជ្រោយថ្ម ពិធីរៀបចំឡើងនៅ វត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់សំបួរមាស។
តាមទំនៀមជាប្រពៃណី នៃព្រះពុទ្ធសាសនាព្រះសង្ឃគ្រប់ព្រះអង្គទាំងឡាយ គ្រប់វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ។ ពាក្យថា “វស្សា” មកពីពាក្យបាលីថា “វស្ស” ប្រែថា “ភ្លៀង” ឬ “រដូវភ្លៀង” ដែលមានកំណត់ ៤ខែ (រាប់ពីថ្ងៃ ១រោចខែអាសាធដល់ ១៥កើតខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជា ការចូលព្រះវស្សាមានកំណត់ត្រឹមតែ ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាធដល់ ១៥កើតខែអស្សុជ)។
ពិធីបុណ្យជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសមហាកុសលផលបុណ្យ ជូន ដល់ញ្ញាតិការទាំង ៧សណ្តាន និងបុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែល កើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់ប្រជាពលរដ្ឋ។ចំពោះទេយ្យវត្ថុដែលវេរ និងប្រគេនព្រះសង្ឃចំនួន ៤វត្ត ដោយក្នុង១វត្ត ទទួលបាន៖ -ទៀនចំណាំព្រះវស្សា ១គូរ, ទឹកសុទ្ធ ៥កេស, ទឹកក្រូច ១០កេស, ស្លឹកតែ ៥គីឡូក្រាម, ស្ករស ៥គីឡូក្រាម, ទឹកដោះគោខាប់ ១ កេស,ទឹកត្រី ៥កេស,ទឹកស៊ីអ៊ីវ ៥កេស, អង្ករ ១០០ គីឡូក្រាម, ផ្លែឈើ ១កន្ត្រក,សង្ហាន់ ១ស្រាក់,ត្រីខ ១កេស,មី ១កេសធំ, និងបច្ច័យ ក្នុងមួយវត្តទទួលបាន ៣,១៦០,000 រៀល៕
|